2018 Asia Euro University, All Rights Reserved

មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ

សេចក្តីណែនាំ

១. សេចក្តីផ្តើម
មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្រ្តនយោបាយ គឺជាអង្គភាពបណ្តុះបណ្តាលមួយក្នុងចំណោមអង្គភាព បណ្តុះបណ្តាលទាំង៥(ប្រាំ)ទៀត របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ 
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វិទ្យាស្ថាន អាស៊ី អឺរ៉ុប ត្រូវបានបង្កើតឡើងតាមរយៈប្រកាសលេខ ៩០២ ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០០២ ស្ដីពីការបង្កើតវិទ្យាស្ថាន អាស៊ី អឺរ៉ុប របស់ក្រសួងអប់រំ យុវជន និង កីឡា។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់វិទ្យាស្ថាន អាស៊ី អឺរ៉ុប តាមរយៈអនុក្រឹត្យ លេខ៣៩ អនក្រ.បក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៣ ស្ដីពីការទទួលស្គាល់វិទ្យាស្ថាន អាស៊ី អឺរ៉ុប។ ក្នុងនោះ មហាវិទ្យាល័យ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ ក៏ជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យទាំងប្រាំដែលត្រូវបានបង្កើតនៅពេលនោះផងដែរ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ការប្រែក្លាយពីវិទ្យាស្ថាន អាស៊ី អឺរ៉ុប មកជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមរយៈអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី១៩ ខែមករា    ឆ្នាំ២០០៥ ស្ដីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថាន អាស៊ី អឺរ៉ុប ទៅជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ក្នុងនោះមហាវិទ្យាល័យ មានជំនាញចំនួនបី គឺនីតិសាធារណៈ នីតិឯកជន និងវិទ្យាសាស្ដ្រនយោបាយនិងទំនាក់ទំនងអន្ដរជាតិ។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការបង្កើត មុខជំនាញថ្មី ចំនួនពីរបន្ថែមទៀត គឺជំនាញ នីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ តាមរយៈប្រកាសលេខ២២០១ អយក.ប្រក ស្ដីពីការទទួលស្គាល់មុខជំនាញថ្មីនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ កន្លងមកនេះនៅក្នុងដំណើរការបណ្តុះបណ្តាលរបស់ខ្លួន គណៈគ្រប់គ្រង និងបុគ្គលិក បានអនុវត្តនូវផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៧ និងឆ្នាំ២០១៨-២០២២ យ៉ាងសកម្ម ហើយសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនប្រកបដោយមោទកភាព។ ជាមួយគ្នានោះ គណៈគ្រប់គ្រង និងបុគ្គលិក ក៏បានសិក្សា និងដកស្រង់នូវបទពិសោធន៍លើចំណុចប្រឈមមួយចំនួនផងដែរ។
ផ្តើមចេញពីចំណុចវិជ្ជមាន និងបញ្ហាប្រឈមទាំងអស់ខាងលើនេះ ក៏ដូចជាអនុលោមតាមផែនការយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ គណៈគ្រប់គ្រង និងបុគ្គលិក បានរៀបចំដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៣-២០២៧ ក្នុងដំណាក់កាលថ្មីនេះ ដោយផ្តោតលើចំណុចធំៗ ចំនួន៤(បួន) ដែលអាចហៅបានថា ជាចតុកោណយុទ្ធសាស្ត្រ សម្រាប់ជំរុញកំណើននិស្សិត, ជំរុញប្រសិទ្ធភាពនៃការបណ្តុះបណ្តាល, ផលិតភាពនៃការគ្រប់គ្រង និងជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ។     
ជាមួយនឹងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន មហាវិទ្យាល័យនឹងប្រើប្រាស់មធ្យោបាយ និងលទ្ធភាពខ្ពស់ធ្វើយ៉ាងណាបំពេញឱ្យបានតាមចក្ខុវិស័យ បេសកកម្ម គោលបំណង គុណតម្លៃ និងគោលដៅ ខាងក្រោម។
២. ចក្ខុវិស័យ
មហាវិទ្យាល័យ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ ពង្រឹងតួនាទីបណ្តុះបណ្តាល និងស្រាវជ្រាវ នឹងប្រែក្លាយ ជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹង និងជំនាញច្បាស់លាស់ ក្នុងវិស័យច្បាប់ រដ្ឋបាលសាធារណៈ និងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្ដរជាតិ រួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឆ្នាំ២០២៣-២០២៧។
៣. បេសកកម្ម
មហាវិទ្យាល័យ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ មានបេសកកម្មដូចខាងក្រោម ៖
-    ផ្តល់នូវគុណភាពសិក្សាខ្ពស់ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងវិស័យច្បាប់ យុត្តិធម៌ រដ្ឋបាល នយោបាយ ទំនាក់ទំនងអន្តរជាតិ និងមគ្គុទេសក៍ភាពដឹកនាំស្ថាប័ន
-    ធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តុះបណ្តាល ដែលមានគុណភាពខ្ពស់ មានលក្ខណៈបច្ចុប្បន្នភាព និងស្រប តាមតម្រូវការទីផ្សារ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងវប្បធម៌
-    កសាងបុគ្គលភាពរបស់និស្សិតគ្រប់រូបឱ្យមានសមត្ថភាពវិជ្ជាជីវៈពេញលេញ មានគុណធម៌ និងសីលធម៌  ទំនួលខុសត្រូវ ប្រកបដោយសក្តានុពល និងឧត្តមភាពប្រកួតប្រជែងសម្រាប់ជាក្តីសង្ឃឹម និងជាសសរ ទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិ។
៤. គោលបំណង
លើកកម្ពស់គុណភាព សមត្ថភាព និងសីលធម៌វិជ្ជាជីវៈដល់និស្សិត គ្រូបង្រៀន និងបុគ្គលិកដើម្បី រួមចំណែកផលិតធនធានជាតិក្នុងសង្គមចំណេះដឹង និងពិភពនៃព័ត៌មានវិទ្យា។
៥. គុណតម្លៃ
មហាវិទ្យាល័យ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយមានគុណតម្លៃរបស់ខ្លួន ដែលផ្ដោតទៅលើបីចំណុចគឺ សមាហរណកម្មចំណេះដឹង ការទទួលខុសត្រូវសង្គម និងសីលធម៌វិជ្ជាជីវៈ។    
៦. គោលដៅ
គោលដៅសំខាន់ៗ របស់មហាវិទ្យាល័យ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ រួមមាន ៖
-    គុណភាពសិក្សា និងប្រសិទ្ធភាពសេវានិស្សិត
-    គុណភាពបង្រៀន និងធនធានសាស្ត្រាចារ្យ
-    កម្មវិធីសិក្សា និងសម្ភារៈរូបវន្ត
-    វប្បធម៌ស្រាវជ្រាវ និងធនធានស្រាវជ្រាវ
-    ការបោះពុម្ពផ្សាយ និងការផ្សព្វផ្សាយ
-    សមត្ថភាពបុគ្គលិក 
-    ការចូលរួម និងវប្បធម៌ស្រលាញ់ស្ថាប័ន
-    ប្រសិទ្ធភាពដៃគូអភិវឌ្ឍន

មុខជំនាញ