មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ គឺជាមហាវិទ្យាល័យមួយក្នុងមហាវិទ្យាល័យទាំង០៥ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញ គណនេយ្យ គ្រប់គ្រង ម៉ាឃីទីង ការគ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន។
ក្នុងបរិបទនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញលើគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលកំពុងមានសន្ទុះរីកចម្រើនជាលំដាប់គួរឱ្យកត់សម្គាល់។ ទន្ទឹមគ្នានេះផងដែរ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានយកចិត្តទុកដាក់លើការអនុវត្ដ និងកំពុងបន្ដអនុវត្ដយ៉ាងសស្រាក់សស្រាំនូវបេសកកម្មបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង តាមជំនាញនីមួយៗក្នុងមហាវិទ្យាល័យសាមី ដោយផ្តោតទៅលើការពង្រឹង និងលើកកម្ពស់គុណភាពសិក្សារបស់និស្សិត ឱ្យមានសមត្ថភាពសហគ្រិនភាព វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការច្នៃប្រឌិត នវានុវត្តន៍ សីលធម៌ គុណធម៌ និងមានមនសិការទទួលខុសត្រូវខ្ពស់លើជំនាញវិជ្ជាជីវៈរបស់ខ្លួន។ ឆ្លងកាត់តាមរយៈបទពិសោធន៍នៃការបណ្តុះបណ្តាលធនធានមនុស្សជាងពីរទសវត្សកន្លងមក ដោយឈរលើកត្ដាសំខាន់ៗមួយចំនួនរួមមាន ការអភិវឌ្ឍកម្មវិធីសិក្សា ការពង្រឹងយុទ្ធសាស្រ្ដអភិបាលកិច្ចមហាវិទ្យាល័យ ការរៀន និងបង្រៀន ការស្រាវជ្រាវនិងកិច្ចសហការណ៍ភាពជាដៃគូអភិវឌ្ឍន៍ជាមួយដៃគូសំខាន់ៗ ទាំងក្នុងស្រុក និងបរទេស យើងទទួលបានសមិទ្ធិផលសំខាន់ៗក្នុងការអភិវឌ្ឍវិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ឆ្លើយតបទៅនឹងការអភិវឌ្ឍឥតឈប់ឈរ ដូចបានបរិយាយសង្ខេបខាងលើ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាជាបន្តបន្ទាប់ស្របទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ស្តង់ដាតំបន់ និងអន្តរជាតិ ក៍ដូចជា កម្មវិធីអាទិភាពនានា គោលនយោបាយ និងយុទ្ធសាស្រ្តកំណែទម្រង់កម្រិតឧត្តមសិក្សាប្រកបដោយគុណភាព បរិយាប័ន្ន និងសមធម៌។ ក្នុងន័យនេះផងដែរ ដើម្បីបំពេញទៅនឹងតម្រូវការទីផ្សារការងារថ្នាក់ជាតិ តំបន់ និងអន្ដរជាតិ មហាវិទ្យាល័យបានខិតខំសម្រិតសម្រាំងធនធានសិក្សារបស់ខ្លួនដោយផ្ដោតលើចំណេះដឹង ចំណេះធ្វើដល់និស្សិតតាមជំនាញនីមួយៗ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពជំនាញស្នូលរបស់និស្សិត ដោយផ្អែកលើការបណ្តុះបណ្តាលភ្ជាប់ជាមូលដ្ឋានបច្ចេកវិទ្យាឌីជីថល និងក្រមសីលធម៌វិជ្ជាជីវៈ កាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ឡើងថែមទៀត។
ដើម្បីសម្រេចបាននូវសមិទ្ធិផលទាំងនេះ យើងពិតជាត្រូវការជាចាំបាច់ពីការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលជាធាតុចូល រួមមានដូចជា អ្នកអាណាព្យាបាលនិស្សិត និស្សិត គណៈគ្រប់គ្រង បុគ្គលិក សាស្រ្ដាចារ្យ-គ្រូ និងនិយោជកតាមបណ្ដាក្រុមហ៊ុន និងអង្គភាពទាំងសាធារណៈ និងឯកជន ដែលប្រភពនៃការផ្តល់នូវធនធានបញ្ញាដល់និស្សិតសម្រាប់ការអភិវឌ្ឍអាជីពការងាររបស់ពួកគេក្នុងពេលពេលបច្ចុប្បន្ន និងនាពេលអនាគតដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព។
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានទីតាំងស្ថិតនៅ៖ អគារលេខ៨២៦ ABCD មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អាគារB ជាន់ទី៣ លេខទូរសព្ទ ០១២ ៥២៤ ៦៨៦ / ០១០ ៥៦៥ ៩៨៥ Email: vannakphoun@aeu.edu.kh / Facebook Page: www.facebook.com/facultybustouraeu ។
បង្កើត និងលើកកម្ពស់គុណភាពការងារ បង្រៀន និងរៀនរបស់បុគ្គលិក សាស្រ្ដាចារ្យ-គ្រូ និងនិស្សិតឱ្យមានសមត្ថភាពខ្ពស់ ទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពភាសាបរទេស ស្រាវជ្រាវ និងបច្ចេកវិទ្យា មានគំនិតច្នៃប្រឌិតលើជំនាញរបស់ខ្លួនប្រកបដោយក្រមសីលធម៌ និងមានមនសិការវិជ្ជាជីវៈ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ត្រូវអនុវត្តតាមបេសកកម្មរបស់ខ្លួនដូចខាងក្រោម៖
១. ពង្រឹង និងអភិវឌ្ឍគុណភាពនៃការរៀន និងបង្រៀនរបស់សាស្រ្ដាចារ្យ-និស្សិតឱ្យមានប្រសិទ្ធភាព
២. អភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីអប់រំឱ្យទំនើបកម្មស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងតំបន់
៣. ជំរុញ និងពង្រឹងវិន័យសិក្សានិស្សិតឱ្យមានសីលធម៌ គុណធម៌ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់
៤. ជំរុញ និងពង្រឹងនិស្សិតលើកិច្ចការស្រាវជ្រាវ ចំណេះដឹង ភាសាបរទេស និងយល់ដឹងស៊ីជម្រៅ លើប្រព័ន្ធព័ត៌មាន ទូរគមនាគមន៍ និងបច្ចេកវិទ្យា
៥. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមហាវិទ្យាល័យសាមីលើការងារ និងបម្រើសេវាកម្មល្អជូននិស្សិត
៦. ធ្វើពិពិធកម្មលើជំនាញវគ្គខ្លី ជូននិស្សិតតាមជំនាញនីមួយៗ និងជំរុញកិច្ចសហប្រតិបត្ដិជាមួយដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ។
ដើម្បីបំពេញបេសកកម្មខាងលើនេះ ឱ្យទទួលបានជោគជ័យមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានគោលដៅដូចខាងក្រោម ៖
១. ចូលរួមបង្កើតធនធានមនុស្សតាមរយៈការអភិវឌ្ឍសមត្ថភាពនិស្សិតតាមជំនាញនីមួយៗ
២. បង្កើតកាលានុវត្ដភាពការងារ និងអាជីពផ្ទាល់ខ្លួនដល់និស្សិត
៣. កាត់បន្ថយនូវអត្រាបោះបង់ការសិក្សារបស់និស្សិតឱ្យនៅកម្រិតទាប និងបង្កើនចំនួននិស្សិតឱ្យមានកំណើនឡើងជាលំដាប់ ជាមួយនឹងគុណភាពនៃការអប់រំប្រកបដោយស្ដង់ដា
៤. ផ្ដល់ចំណេះដឹង និងចំណេះធ្វើជូននិស្សិតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។