KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

សារសាកលវិទ្យាធិការ


លោក ស៊ុន សេដ្ឋា

សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យឯកជនមួយ នៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបណ្តុះបណ្តាលនិស្សិតដែលមានសមត្ថភាពខ្ពស់ បញ្ចប់ការសិក្សារាប់ម៉ឺននាក់ គឺសុទ្ធតែទទួលបាននូវឱកាសការងារទៅតាមជំនាញរៀងៗខ្លួន រួមទាំងការប្រកបអាជីវកម្មផ្ទាល់ខ្លួន។ អតីតនិស្សិតរបស់យើងក៏បាននឹងកំពុងបម្រើការងារជាសមាជិករាជរដ្ឋាភិបាល អ្នកសេដ្ឋកិច្ច ធុរៈកិច្ច និងអ្នកវិទ្យាសាស្រ្តផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ី អឺរ៉ុប បានធ្វើការកំណែទម្រង់រចនាសម្ព័ន្ធឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យស្របទៅនឹងការអនុវត្តនូវផែនការយុទ្ធសាស្រ្តថ្មី ២០២៣-២០២៧ ដែលផ្តោតសំខាន់លើអភិបាលកិច្ច អភិវឌ្ឍន៍ស្ថាប័ន ការរៀន និងការបង្រៀន ការងារនិស្សិត ការស្រាវជ្រាវ ការកសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល។ សាកលវិទ្យាល័យតែងតែបាន​ខិតខំ​ប្រឹងប្រែងយកចិត្ដទុកដាក់អភិវឌ្ឍកម្មវិធីសិក្សា និងការស្រាវជ្រាវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ទីផ្សារ​​ការងារ និង​សង្គម ដោយបញ្ចូលឱ្យមានការអប់រំផ្នែកឯកទេស ជំនាញ អាយស៊ីធី ការអប់រំផ្នែកគុណធម៌ និងការអប់រំផ្នែកកាយ​សម្បទា ឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងតាមការ​ធ្វើ​កំណែ​​ទម្រង់វិស័យ​ឧត្ដម​សិក្សា ជាពិសេសគោលនយោបាយស្តីពី ចក្ខុវិស័យឧត្តមសិក្សា ២០៣០ របស់​ក្រសួងអប់រំ យុវជន និងកីឡា។

យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលឃើញថាវឌ្ឍនភាពរបស់យើង កំពុងត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា តាមរយៈការចុះមកពិនិត្យ និងវាយតម្លៃ     ផ្តល់នូវការទទួលស្គាល់គុណភាពអបរំឧត្តមសិក្សា។

ក្នុងនាមក្រុមប្រឹក្សាភិបាល ក្នុងនាមគណៈគ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគោរពអញ្ជើញ សិស្សានុសិស្ស និស្សិត អាព្យាបាល និងសាធារណជនទាំងអស់ ចូលទៅកាន់គេហទំព័ររបស់យើង និងអញ្ជើញមកទស្សនកិច្ចដោយផ្ទាល់នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីឱ្យទទួលបាននូវព័ត៌មានកាន់តែលម្អិតថែមទៀត។